ញាំត្រយ៉ូងចេក សាច់ជ្រូក
នេះជាម្ហូបដែលងាយស្រួលនឹងរកផ្សំគ្រឿង
ព្រោះនៅតាមស្រុកស្រែចំការសម្បូរបន្ថែទាំងអស់នេះណាស់
ជាពិសេសគឺត្រយ៉ូងចេកតែម្តង។
ចំណុចសំខាន់របស់ម្ហូបមួយមុខនេះគឺត្រយ៉ូងចេក និងសាច់ជ្រូក។
- គ្រឿងផ្សំ៖
- ត្រយ៉ូងចេក ១ ផ្លែ
- ក្រូចឆ្មា ១ ផ្លែ
- សាច់ជ្រូកបីជាន់ ២៥០ ក្រាម
- សណ្តែកដីលីងរួច ១០០ ក្រាម
- អំបិល ១ ស្លាបព្រាកាហ្វេ
- ស្ករស ២ ស្លាបព្រាកាហ្វេ
- ប៊ីចេង ១ ស្លាបព្រាកាហ្វេ
- ទឹកត្រី ១ ស្លាបព្រាបាយ
- ខ្ទឹមក្រហម ២ ឬ ៣ កម្ពឹស
- ស្លឹកជីគ្រប់មុខ
- ពុះត្រយ៉ូងចេកជាពីរ បន្ទាប់មកឆ្គៀលទ្រនង់ វាចោល រួចយកកាំបិតមុខពីរហាន់ទទឹងស្តើងៗ បន្ទាប់មកដាក់ត្រាំចូលក្នុងទឹកដែលមានច្របាច់ក្រូចឆ្មា មួយសន្ទុះក្រោយមកធ្វើការច្របាច់ យកចេញដាក់ចាន ធ្វើបែបនេះដើម្បីឲ្យត្រយ៉ូងចេកមិនខ្មៅ។
- ដាក់ដាំទឹក ស្ងោរសាច់ជ្រូកឲ្យផុយ បន្ទាប់មកស្រងសាច់ចេញ ប៉ុន្តែមិនត្រូវចាក់ទឹកដែលស្ងោរនោះចោលទេ។
- បុកសណ្តែកដី, បេះស្លឹកជី, ហាន់ខ្ទឹមក្រហមជាបន្ទះស្តើងៗទុកមួយអន្លើ។
- ប្រើកូនចានមួយលាយទឹកស្ងោរ ដែលបានទុកនោះជាមួយ និងអំបិល, ប៊ីចេង, ទឹកត្រី ចូលកូរឲ្យសព្វរួចបន្ថែមខ្ទឹមក្រហមចាក់ចូលក្នុងត្រយ៉ូងចេក រួចធ្វើការច្របល់វាឲ្យសព្វ ច្របាច់ក្រូចចូលច្របល់រហូតដល់ត្រយូងចេកទន់ជាការស្រេច ៕
Post a Comment