ខសាច់ជ្រូក
គ្រឿងផ្សំ៖
- សាច់ជ្រូកបីជាន់
- ពងទា
- ស្ករ អំបិល ទឹកត្រី ម្រេច
- ផ្កាចាន់ ឬ ប៉ូចកាក់
- ទំពាំង ឬ ស្ពៃជ្រក់
វិធីធ្វើ៖
- ដាំទឹកអោយពុះ រួចកាត់ សាច់ជ្រូកបីជាន់ ស្ងោរជាកង់ៗ ដាក់ដាំ អោយពុះ ៥ទៅ១០នាទី។ ស្រង់ចេញ ហើយលាងអោយស្អាត។
- ស្ងោរពងទា អោយឆ្អិន រួចស្រង់ចេញ ហើយបកសំបក អោយស្អាត។
- កម្លោចស្ករ អោយក្រហម រួចបង់អំបិល ទឹកត្រី និងម្រេចចូល កូរអោយសព្វទើបបង់សាច់ជ្រូកចូល កូរអោយសព្វ ទើបចាក់ទឹកចូល ដើម្បីរំងាស់ អោយចូលជាតិ។
- នៅពេលទឹកពុះ ទើបបង់ពងទាចូល រួចរំងាស់ រហូតទាល់តែ ស្បែកជ្រូកផុយ។
- បើចង់អោយឈ្ងុយ សូមបង់ផ្កាចាន់ ឬ ប៉ូចកាក់ ចូលថែម បីបួនផ្កា រំងាស់ជាមួយសាច់ជ្រូក រហូតដល់ខះទឹក ផុយស្បែក។ បើមិនផុយទេ ត្រូវចាក់ទឹកថែម រំងាស់អោយផុយ។ ពេលរំងាស់ សូមកុំបិទគម្របឆ្នាំង នាំអោយល្អក់ទឹក ទុកឆាប់ផ្អូម។
- បើចង់អោយកាន់តែឆ្ងាញ់ អាចថែម ទំពាំង ឬ ស្ពៃជ្រក់ រំងាស់ក្នុងខ ដើម្បីអោយកាន់តែមានឱជារស។
- ភ្លក្សថែមថយ តាមចំណូលចិត្ត។
- ខសាច់ជ្រូកនេះ គេមិនដាក់ខ្ទឹមសទេ ព្រោះខ្ទឹមសធ្វើអោយទឹកខ ខាប់ឆាប់ផ្អូម។
- ពេលខឆ្អិន លើកចុះ សូមទុកអោយត្រជាក់ ទើបបិទគម្របឆ្នាំង បើមិនដូច្នោះទេ នឹងឆាប់ផ្អូម ដូចគ្នា។
រក្សាសិទ្ធិដោយ៖ អ្នកស្រី កែវ ច័ន្ទបូរណ៍
xxxx
ReplyDelete